SE4HC Logo

គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស

អភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីអភិវឌ្ឍសង្គមពុទ្ធិ

កិច្ច​ប្រជុំ​ស្តីពី​ការ​តម្រង់​ទិស​លើ​ការ​គាំទ្រ​ការ​អនុវត្ត​ក្របខណ្ឌ​អប់រំ​ស្ទែម​កម្រិត​សាលា​រៀន

សេចក្ដីជូនដំណឹង · 14 កញ្ញា 2026

កិច្ច​ប្រជុំ​ស្តីពី​ការ​តម្រង់​ទិស​លើ​ការ​គាំទ្រ​ការ​អនុវត្ត​ក្របខណ្ឌ​អប់រំ​ស្ទែម​កម្រិត​សាលា​រៀន

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ គម្រោង​មធ្យម​សិក្សា​សម្រាប់​ការ​ប្រកួត​ប្រជែង​មូលធន​មនុស្ស​ (SE4HC)​ ក្រោម​ការ​សម្រប​សម្រួល​របស់​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀប​ចំ​ «​កិច្ច​ប្រជុំ​ស្តីពី​ការ​តម្រង់​ទិស​លើ​ការ​គាំទ្រ​ការ​អនុវត្ត​ក្របខណ្ឌ​អប់រំ​ស្ទែម​ (STEM)​ កម្រិត​សាលា​រៀន​ នៅ​ឆ្នាំ​២០២៧​»​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ុម​ រម្យណី​ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ជា​នាយក​គម្រោង​ SE4HC​។​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​បច្ចេកទេស​ ក្រុម​​ការងារ​ថ្នាក់​ជាតិ​ គ្រូ​បង្គោល​​ស្ទែម​ថ្នាក់​ជាតិ​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជធានី​ខេត្ត ២៥ សាលារៀន​គោលដៅ​ ២៥៩​។

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ផ្ទាល់​នៅ​បន្ទប់​ប្រជុំ​ គម្រោង​ STEP​ UP​ (ជាន់​ទី​៦​ អគារ​រដ្ឋបាល​នៃ​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ ចៅពញ្ញាហុក) និង​តាម​ប្រព័ន្ធ​អនឡាញ​ Zoom​។

🎯 គោលបំណង​សំខាន់ៗ​នៃ​កិច្ច​ប្រជុំ​៖​ (១)​ បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​គោលនយោបាយ​លើក​កម្ពស់​ការ​អប់រំ​ស្ទែម​នៅ​កម្រិត​សាលារៀន​របស់​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​ និង​ក្របខណ្ឌ​គម្រោង​ SE4HC​ (២)​ បង្ហាញ​អំពី​ឯកសារ​ទស្សនទាន​នៃ​ការ​គាំ​ទ្រ​ការ​អនុវត្ត​ក្របខណ្ឌ​អប់រំ​ស្ទែម​ កម្រិត​សាលារៀន​ (៣)​ បង្ហាញ​អំពី​លក្ខណៈ​នៃ​ការ​ជ្រើស​រើស​ និង​តួនាទី​ភារកិច្ច​របស់​ STEM​ Animator​ នៅ​កម្រិត​សាលារៀន​ (៤)​ បង្ហាញ​អំពី​ផែនការ​ និង​ឧបករណ៍​ការ​វាយ​តម្លៃ​ដើម​គ្រា​ និង​វាយតម្លៃ​ប្រចាំ​ឆ្នាំ​ក្នុង​ការ​កំណត់​សាលា​រៀន​ សម្រេច​បាន​លើ​ការ​អនុវត្ត​ក្របខណ្ឌ​ស្ទែម​ កម្រិត​សាលា​រៀន​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ SE4HC​ នឹង​ផ្តល់​ការ​គាំទ្រ​សាលា​រៀន​គោលដៅ​ទាំង​ ២៥៩​ ក្នុង​ការ​អនុវត្ត​ SBSF​។​ តាមរយៈ​សកម្មភាព​នៃ​ការ​គាំទ្រ​ការ​អនុវត្ត​ក្របខណ្ឌ​នេះ​ គម្រោង​នឹង​​ផ្តល់​វគ្គ​បំប៉ន​​សមត្ថភាព​​ដល់​​មន្ទីរ​អយក.​ សាលារៀន​ និង​គ្រូបង្រៀន​ស្ទែម​ ផ្តល់​ការ​គាំទ្រ​​នៅ​កម្រិត​សាលារៀន​តាមរយៈ​ការ​សម្រប​សម្រួល​របស់​គ្រូ​ប្រឹក្សា​គរុកោល្យ​នៅ​កម្រិត​សាលារៀន​ (School​ Based​ Mentor​)​,​ សកម្មភាព​​ទស្សន​កិច្ច​សិក្សា​ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​សាលារៀន​គោលដៅ​ កម្មវិធី​​ពិព័រណ៍​ស្នាដៃ​ស្ទែម​របស់​សិស្សានុសិស្ស​ ​និង​​ការ​ផ្តល់​ការ​ទទួល​ស្គាល់​សាលារៀន​សម្រេច​បាន​​លើ​ការ​អនុវត្ត​ក្របខណ្ឌ​ប្រចាំ​ឆ្នាំ​។​ ជា​លទ្ធផល​ តាមរយៈ​ការ​គាំទ្រ​សម្មភាព​ទាំង​នេះ​ សាលារៀន​​​គោលដៅ​ ចំនួន​ ១២០​ យ៉ាង​តិច​ សម្រេច​បាន​​កម្រិត ២ ឬ​លើស​ និង​ គ្រូ​បង្រៀន​ចំនួន​ ២១០​រូប​ នឹង​​ប្រែ​ក្លាយ​ជា​គ្រូបង្រៀន​ឆ្នើម​ និង​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​ស្ទែម​។​

#ក្រសួង​អប់រំ​យុវជន​និង​កីឡា​ #MoEYS​ #អបរំ​ស្ទែម​ #STEMeducation #SE4HC

ចែករំលែក Facebook Telegram